
លោកជំទាវ វ៉ាន់ សែនពិសី អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃជ្រើសរើសកសិករទទួលផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ ក្រោមគម្រោង EMPOWER ក្នុងឃុំត្រពាំងជង
ខេត្តពោធិ៍សាត់៖ រដ្ឋបាលឃុំត្រពាំងជង បានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃជ្រើសរើសប្រជាពលរដ្ឋដែលមានបំណងដាក់ពាក្យស្នើសុំធ្វើ ផ្ទះសំណាញ់ដាំបន្លែ និង ការចិញ្ចឹមមាន់ស្រែ នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិរបស់ក្រសួង និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា សកម្មភាពនេះស្ថិតក្រោម «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» ដែលជាគម្រោងដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជ្រោមជ្រែង ដោះស្រាយបញ្ហាប្រឈម និងជំរុញបច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនប្រាក់ចំណូល និងភាពធន់ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំ៕











