
ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្ក្រាបបទល្មើសនេសាទស្បៃមុងជាង ១,០០០ម៉ែត្រ
ពោធិ៍សាត់៖ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាននាយផ្នែករដ្ឋបាលជលផលក្រគរ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ មានការចូលរួមពី លោក កុល ចាន់ដារ៉ា នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៦ នាក់ និងកាណូតចំនួន ៤ គ្រឿង ចុះពិនិត្យចាប់ពីចំណុចមុខកំពង់លួង ដល់មុខភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះបង្ក្រាបបានចំនួន ១ករណី ដោយដកហូត និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖ របាំងស្បៃមុង ចំនួន ១២ ខ្សែ (ប្រវែង ១.៣៥០ ម៉ែត្រ), លូកងស្បៃមុង ចំនួន ១២ មាត់ និង ផលត្រី៖ ចំនួន ៦ គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញ៕











