
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការដោះលែងពស់ថ្លាន់មួយក្បាល ចូលទៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
ពោធិ៍សាត់៖ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា បានធ្វើការដោះលែងសត្វពស់ថ្លាន់មួយក្បាល ទម្ងន់ ១៥គីឡូក្រាម ឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងចាប់បាននៅក្នុងភូមិ រួចក៏បានស្ម័គ្រចិត្តប្រគល់ជូនគណៈកម្មការសហគមន៍ ដើម្បីយកទៅដោះលែង។ សកម្មភាពដោះលែងនេះ ត្រូវបានធ្វើឡើងដោយមានសមាសភាពចូលរួមចំនួន ៤នាក់ ត្រង់ចំណុចតំបន់ជ្រោះជ្រៅ ស្ថិតនៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដើម្បីធានាសុវត្ថិភាព និងការរស់រានមានជីវិតរបស់សត្វព្រៃប្រភេទនេះបន្តទៀត៕











