
ថ្នាក់ដឹកនាំជំនាញមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ នៅសាលាដំបូងខេត្ត
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំផ្នែករដ្ឋបាលជលផល ព្រៃឈើ និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី យុត្តិធម៌ព្រហ្មទណ្ឌរវាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាមួយអង្គភាពនគរបាលយុត្តិធម៌ ដែលបានប្រព្រឹត្តទៅនៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ រួមមាន លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួល និងជម្រុញប្រសិទ្ធភាពការងារច្បាប់ ក្នុងចំណោមស្ថាប័នតុលាការ អយ្យការ និងអង្គភាពនគរបាលយុត្តិធម៌ (រួមទាំងមន្ត្រីនគរបាលយុត្តិធម៌ដែលមានសមត្ថកិច្ចខាងផ្នែកព្រៃឈើ និងជលផលផងដែរ) ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់តែរលូន និងមានតម្លាភាព៕











