
មន្ត្រីជំនាញ និងអាជ្ញាធរខេត្តពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង និងទន្លេ
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី នៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង ទន្លេ ត្រូវបានរៀបចំកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រប់អាងទន្លេ និងឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំង លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុក និងលោកមេឃុំ-ចៅសង្កាត់ សរុបចំនួន ៤៥ នាក់ ក្នុងនោះមានស្រី ៥ នាក់ ដើម្បីរួមគ្នាក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍យកទៅអនុវត្តក្នុងការគ្រប់គ្រងធនធានទឹកក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











