
លោកជំទាវ វ៉ាន់ សែនពិសី ផ្សព្វផ្សាយគម្រោង «EMPOWER» នៅស្រុកបាកាន ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងភាពធន់របស់កសិករ
ខេត្តពោធិ៍សាត់៖ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់» (EMPOWER) ដែលបានរៀបចំឡើងនៅសាលាស្រុកបាកាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមសហការពី លោកប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោកអភិបាលស្រុកបាកាន ព្រមទាំងអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ភូមិ និងមន្ត្រីកសិកម្មឃុំជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ និងត្រៀមលក្ខណៈរួមគ្នា ក្នុងការដាក់ពង្រាយការអនុវត្តគម្រោង EMPOWER ទៅក្នុងតំបន់គោលដៅឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រាលភាពងាយរងគ្រោះ ជម្រុញសេដ្ឋកិច្ចគ្រួសារ និងពង្រឹងភាពធន់ក្នុងការប្រកបរបរកសិកម្មជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











