
ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យដេប៉ូលក់បសុឱសថ និងចំណីសត្វចំនួន ០៨កន្លែង ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ស៊ិនណារ៉ា ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យទីតាំងដេប៉ូលក់បសុឱសថ ចំណីសត្វ និងសម្ភារបរិក្ខារ នៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យការថែរក្សា ការទុកដាក់ និងការប្រើប្រាស់បសុឱសថ ក៏ដូចជាចំណីសត្វ, ពិនិត្យកាលបរិច្ឆេទផុតកំណត់ និងលេខទិដ្ឋាការ/បញ្ជីការផ្លូវការ, ពិនិត្យលិខិតអនុញ្ញាតច្បាប់ កម្រិតជំនាញ សញ្ញាប័ត្រ និងវិញ្ញាបនបត្រតេស្តសមត្ថភាពរបស់ម្ចាស់អាជីវកម្ម និងពិនិត្យលើផ្នែកអនាម័យទូទៅ។ ជាលទ្ធផល៖ ក្រុមការងារបានចុះពិនិត្យដេប៉ូសរុបចំនួន ៨កន្លែង ដោយឃើញថាបងប្អូនម្ចាស់ដេប៉ូទាំងអស់មានការសហការល្អណាស់ ព្រមទាំងបានទទួលយកនូវចំណុចខ្វះខាតមួយចំនួនដែលក្រុមការងារបានណែនាំដើម្បីយកទៅកែលម្អ។ ជារួមការរៀបចំនៅតាមបណ្តាដេប៉ូទាំងនោះមានរបៀបរៀបរយល្អ មានអនាម័យ សោភណភាព និងបរិស្ថានជុំវិញស្អាតល្អគួរឱ្យកត់សម្គាល់៕











