
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះសម្ភាសន៍កសិករផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍គម្រោង CASDP ក្នុងឃុំអន្លង់រាប
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារប្រមូលទិន្នន័យនៅមូលដ្ឋានផ្ទាល់ ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ សកម្មភាពនេះ បានធ្វើឡើងនៅសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកទៅផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍របស់គម្រោង។ នៅក្នុងការចុះបំពេញការងារនោះ ក្រុមការងារបានរៀបចំការសម្ភាសន៍ផ្ទាល់ជាមួយសមាជិកសហគមន៍ចំនួន ៧៩នាក់ ដោយមានបងប្អូនកសិករចូលរួមផ្តល់បទសម្ភាសន៍ និងព័ត៌មានជាក់ស្តែងសរុបចំនួន ៧៥នាក់ ក្នុងនោះមានស្រ្តីចំនួន ៣១នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងរលូន៕











