
សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
សៀមរាប៖ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាថ្នាក់ជាតិស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលាថ្នាក់ជាតិនេះ មានសមាសភាពចូលរួមសរុបចំនួន ១២៩នាក់ ស្រី ៤២នាក់ ដែលជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា, តំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម និងមន្ទីរអប់រំ, តំណាងរដ្ឋបាលស្រុក និងការិយាល័យអប់រំស្រុក, តំណាងអាជ្ញាធរឃុំ, តំណាងសាលារៀន ព្រមទាំងតំណាងអង្គការស្បៀងអាហារពិភពលោក (WFP) មកពីខេត្តគោលដៅចំនួន ១០ រួមមាន៖ ពោធិ៍សាត់, កំពង់ឆ្នាំង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, កំពង់ចាម និងស្ទឹងត្រែង។ នៅក្នុងពិធីបើកកម្មវិធីនេះដែរ លោក អ៊ុំ និសិត្យ តំណាងកម្មវិធីស្បៀងអាហារពិភពលោក ក៏បានឡើងមានមតិចំណាប់អារម្មណ៍ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី ក្នុងការជួយលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារនៅតាមសាលារៀន ព្រមទាំងជួយគាំទ្រដល់ទីផ្សារកសិផលរបស់បងប្អូនកសិករនៅក្នុងសហគមន៍មូលដ្ឋានផ្ទាល់ផងដែរ៕











