
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ រៀបចំពិព័រណ៍ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា» ដើម្បីបង្ហាញពីការទាមទារវត្ថុសិល្បៈខ្មែរមកវិញ
ពោធិ៍សាត់៖ ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានចាប់ផ្តើមរៀបចំឆាក និងដំឡើងផ្ទាំងរូបភាព ដើម្បីត្រៀមបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅសារមន្ទីរខេត្តពោធិ៍សាត់។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដាស់តឿនស្មារតី លើកកម្ពស់ការយល់ដឹងពីតម្លៃមហាសាលនៃបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ឱ្យត្រឡប់មកកាន់មាតុភូមិវិញ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏បានអំពាវនាវ និងគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនា និងគាំទ្រពិព័រណ៍វប្បធម៌ដ៏មានអត្ថន័យនេះឱ្យបានកុះករ៕











