
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ចុះពង្រឹងសមត្ថភាព និងឧបត្ថម្ភគាំទ្រដល់សិល្បករក្នុងស្រុកបាកាន និងតាលោសែនជ័យ
ពោធិ៍សាត់៖ លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រមទាំងសហការី នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅប្រគល់ជូនដល់សិល្បករក្នុងមូលដ្ឋាន រួមមាន៖ ក្រុមសិល្បៈល្ខោនបាសាក់ ចំនួន ១ក្រុម ស្ថិតនៅស្រុកបាកាន និងលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង ចំនួន ២រូប ស្ថិតនៅស្រុកតាលោសែនជ័យ។ នៅក្នុងឱកាសនោះផងដែរ ក្រុមការងារជំនាញរបស់មន្ទីរបានជួយសម្រួល កែលម្អ និងចែករំលែកបច្ចេកទេសសម្តែងបន្ថែមដល់ក្រុមសិល្បៈល្ខោនបាសាក់ ដើម្បីលើកស្ទួយគុណភាពទស្សនីយភាពឱ្យកាន់តែមានភាពរស់រវើក ព្រមទាំងរួមចំណែកថែរក្សា និងអភិរក្សទម្រង់សិល្បៈប្រពៃណីជាតិឱ្យបានគង់វង្សតទៅ៕











