
អាជ្ញាធរស្រុក និងមន្ទីរដែនដី បើកកិច្ចប្រជុំដោះស្រាយករណីបណ្តឹងទាស់ចេញប័ណ្ណសម្គាល់អចលនវត្ថុ នៅឃុំសំរោង
ពោធិ៍សាត់៖ កិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីបណ្តឹងទាស់លើការចេញប័ណ្ណសម្គាល់អចលនវត្ថុ (ប្លង់រឹង) ដីធ្លីស្ថិតនៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និង លោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរជំនាញ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ ពិនិត្យលើឯកសារគតិយុត្តិ និងទិន្នន័យបច្ចេកទេសដីធ្លីនៃភាគីទំនាស់ទាំងសងខាងឱ្យបានច្បាស់លាស់, ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីបញ្ចប់ទំនាស់ និងធានានូវយុត្តិធម៌ តម្លាភាព ជូនប្រជាពលរដ្ឋ, បង្កើនល្បឿនក្នុងការចេញប័ណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងស្របច្បាប់ បន្ទាប់ពីដោះស្រាយទំនាស់រួចរាល់៕







