
មន្ទីរផែនការខេត្ត បើកកិច្ចប្រជុំចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងឃុំបឹងកន្ទួត
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដឹកនាំលោក តាន់ វ៉េងធាង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ៖ ចុះពិនិត្យមើលការអនុវត្តជាក់ស្តែងនៃដំណើរការសម្ភាសន៍ និងវាយតម្លៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់មូលដ្ឋាន, ធានាឱ្យបានថានីតិវិធីកំណត់គ្រួសារក្រីក្រត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងចំគោលដៅ ដើម្បីកុំឱ្យមានការផ្ទុយពីការណែនាំរបស់ក្រសួង, រកមើលចំណុចខ្វះខាត និងផ្តល់ការណែនាំបន្ថែមដល់អាជ្ញាធរឃុំ-ភូមិ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យការជួយជ្រោមជ្រែងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះកាន់តែមានប្រសិទ្ធភាពខ្ពស់៕








