
រដ្ឋបាលស្រុកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ចោលសំរាមពាសកាលលើដងផ្លូវ ដើម្បីរួមគ្នារក្សាអនាម័យ និងបរិស្ថាន
ពោធិ៍សាត់៖ ទោះបីជារដ្ឋបាលស្រុកក្រគរបានខិតខំរៀបចំសណ្តាប់ធ្នាប់ ដោយបានដាក់ស្លាកសញ្ញាផ្សព្វផ្សាយ និងដាក់លូសម្រាប់ចោលសំរាមរួចរាល់ហើយក្តី ក៏សង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តបោះសំរាមចោលពាសកាលតាមដងផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព និងអនាម័យបរិស្ថាន។ ចំពោះករណីនេះ អាជ្ញាធរបានសម្តែងការសោកស្តាយ និងបានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ការចោលសំរាមតាមដងផ្លូវ ហើយវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមកន្លែងដែលបានកំណត់។ រដ្ឋបាលស្រុក សូមសហការ និងយោគយល់ដល់ក្រុមការងារអនាម័យ ដែលត្រូវខិតខំប្រឹងប្រែងដើរប្រមូល និងរើសសំរាមជារៀងរាល់ថ្ងៃ។ រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីប្រែក្លាយស្រុកក្រគរឱ្យមានបរិស្ថានស្អាត គ្មានសំរាម និងមានសោភ័ណភាពគួរឱ្យរស់នៅ៕








