
លោកអភិបាលស្រុកក្រគរចុះជួបសំណេះសំណាល និងផ្សព្វផ្សាយការងារអនាម័យបរិស្ថាន នៅឃុំឈើតុំ ដោយកំណត់គោលដៅ ឃុំគ្មានសំរាម
ពោធិ៍សាត់៖ នៅសាលាឃុំឈើតុំ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអប់រំណែនាំផ្ទាល់ដល់អាជ្ញាធរឃុំ ព្រមទាំងមេភូមិគ្រប់ភូមិ ដើម្បីជំរុញ និងលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់លើការសម្អាតអនាម័យបរិស្ថាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់សហការគ្នាផុសផុលក្នុងការសម្អាតអនាម័យបរិស្ថាន ទាំងនៅតាមលំនៅឋានផ្ទាល់ខ្លួន និងតាមបណ្តោយផ្លូវនានាក្នុងមូលដ្ឋាន។ សសរស្ដម្ភដ៏សំខាន់នៃយុទ្ធនាការនេះ គឺការប្តេជ្ញាចិត្តប្រែក្លាយ ឃុំឈើតុំឱ្យគ្មានសំរាម ចាប់ពីពេលនេះតទៅ ដើម្បីធានាបាននូវបរិស្ថានស្អាត សោភណភាពស្រស់បំព្រង និងសុខមាលភាពល្អជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានសំណូមពរឱ្យអាជ្ញាធរឃុំ និងមេភូមិទាំងអស់ ជួយចុះអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់ និងបោះចោលសំរាមឱ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់ ដើម្បីរួមចំណែកកសាងសហគមន៍មួយដែលមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា










