
លោកអភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ១៩គ្រួសារ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រលាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១៩គ្រួសារ រស់នៅក្នុងភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម និងសារុង១។ ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហៀម ឃួន ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងចុះមកជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ទាន់ពេលវេលា៕ សាយយ័ន្ដ វុន្នីយ៉ា









