
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី និងសហគមន៍ដោះអន្ទាក់បានជាង ៥០០ខ្សែ និងជួយសង្គ្រោះសត្វជ្រូកព្រៃជាប់អន្ទាក់ ៨ក្បាល ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់
ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សស្នាក់ការកណ្ដាលរយ៉លើ សហការជាមួយអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ បានចុះបេសកកម្មទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងផ្សព្វផ្សាយច្បាប់បរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។ ជាលទ្ធផលក្នុងប្រតិបត្តិការល្បាតរយៈពេល ៤ថ្ងៃនេះ ក្រុមការងារដោះសា និងប្រមូលអន្ទាក់ខ្សែគោបានសរុប ៥៣៣ខ្សែ ព្រមទាំងបានជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃដែលជាប់អន្ទាក់ព្រានបានសរុបចំនួន ០៨ក្បាល (ក្នុងនោះ ០៦ក្បាល ជួយសង្គ្រោះបាននៅថ្ងៃទី៣០ ខែកញ្ញា និង ០២ក្បាលទៀត ជួយសង្គ្រោះបាននៅថ្ងៃទី០១ ខែតុលា) ឱ្យរួចផុតពីគ្រោះថ្នាក់ និងត្រឡប់ចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព។ ក្រៅពីនេះ ក្រុមការងារបានប្រទះឃើញសពសត្វស្វាព្រាម ១ក្បាល ងាប់ស្អុយរលួយដោយសារអន្ទាក់ ព្រមទាំងបានប្រទះឃើញវត្ថុតាងមានជីវិតជាច្រើនទៀត ដូចជាសត្វស្វាព្រាមប្រមាណ ២០ក្បាល និងដានជើងសត្វទន្សោងជាច្រើនក្បាលផងដែរ។











