
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារ និងយុវជន ចុះរៀបចំដំឡើងភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងទីប្រជុំជន
ពោធិ៍សាត់៖ ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ និងក្រុមយុវជន បន្តចុះរៀបចំ និងដំឡើងអំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវសាធារណៈ ព្រមទាំងនៅតាមទីប្រជុំជននានាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលជាថាមពលបៃតង សន្សំសំចៃ និងមានចីរភាព។ ការបំពាក់ភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនាពេលរាត្រីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍ផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានសម្តែងនូវក្តីរំភើប និងរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួល និងកែលម្អមុខមាត់ទីប្រជុំជនស្រុកវាលវែងឱ្យកាន់តែមានពន្លឺ និងមានរបៀបរៀបរយស្អាតបាត៕










