
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះពិនិត្យការប្រើប្រាស់តូបលក់ដូរ និងតាមដានការសាងសង់ផ្សារសាមគ្គីត្រពាំងជង ដែលសម្រេចបាន ៨០%
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីការប្រើប្រាស់ និងការអាស្រ័យផលតូបលក់ដូរ ពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ផ្សារត្រពាំងជង ដើម្បីធានាបាននូវរបៀបរៀបរយ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ។ បន្ទាប់ពីជំនួបសម្របសម្រួល លោកអភិបាលស្រុក និងក្រុមការងារក៏បានបន្តដំណើរចុះពិនិត្យមើលសកម្មភាព និងដំណើរការសាងសង់ផ្សារសាមគ្គីត្រពាំងជងដោយផ្ទាល់។ តាមការបញ្ជាក់ពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធ គម្រោងសាងសង់ផ្សារថ្មីនេះ បច្ចុប្បន្នសម្រេចបានប្រមាណ ៨០% ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ឆាយ គឹមម៉ុង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ និងបានណែនាំបន្ថែមឱ្យបន្តយកចិត្តទុកដាក់លើគុណភាពសំណង់ និងបទដ្ឋានបច្ចេកទេស ដើម្បីឱ្យអាជីវករ និងប្រជាពលរដ្ឋមានទីតាំងលក់ដូរ និងទិញទំនិញប្រកបដោយសុវត្ថិភាព ផាសុកភាព និងមានរបៀបរៀបរយល្អប្រសើរជាងមុន នៅពេលដែលផ្សារនេះត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕










