
អាជ្ញាធរស្រុកវាលវែង ចុះកែសម្រួល និងបើកផ្លូវថ្មីឆ្ពោះទៅកាន់តំបន់ទេសចរណ៍ «ទឹកធ្លាក់ថ្មចាំង»
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងកែសម្រួលព្រមទាំងបើកធ្វើផ្លូវចូលទៅកាន់តំបន់ «ទឹកធ្លាក់ថ្មចាំង» ដែលជាផ្លូវបន្តពីគម្រោងមូលនិធិឃុំ ស្ថិតក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះជួយសម្រួល និងស្ថាបនាផ្លូវនាពេលនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ លោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យជំនាញជុំវិញស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផងដែរ។ ការបើកធ្វើ និងកែសម្រួលផ្លូវចូលទៅកាន់តំបន់ទឹកធ្លាក់ថ្មចាំងនេះ ធ្វើឡើងសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ បន្ថែមពីនេះ ផ្លូវមួយខ្សែនេះក៏ជាសមិទ្ធផលថ្មីមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅតំបន់ទឹកធ្លាក់ថ្មចាំងកាន់តែច្រើនឡើង ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍នៅក្នុងតំបន់នោះផងដែរ៕










