
លោក ងួន ប៉ោសេង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកញ្ចប់អត្ថប្រយោជន៍ តាមប្រព័ន្ធអនឡាញ
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយកញ្ចប់អត្ថប្រយោជន៍ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះឈ្មោះចូលរួមក្នុងប្រព័ន្ធ ព្រមទាំងការប្រមូលទិន្នន័យអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានប្រសិទ្ធភាព និងភាពងាយស្រួល។ ការធ្វើបែបនេះ ធានាថាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្វ័យនិយោជន៍ ឬអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបាននូវកញ្ចប់អត្ថប្រយោជន៍គាំពារសង្គម ការបណ្តុះបណ្តាលជំនាញ និងការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន៕









