
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាល និងចែកគ្រាប់ពូជបន្លែជូនកសិករក្រីក្រ ៣០នាក់ នៅស្រុកបាកាន
ពោធិ៍សាត់៖ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសហការជាមួយមន្ត្រីកសិកម្មឃុំស្នាមព្រះ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បច្ចេកទេសដំណាំបន្លែ» ព្រមទាំងបានផ្តល់គ្រាប់ពូជបន្លែជូនដល់ប្រជាកសិករក្រីក្រ ស្ថិតនៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ កម្មវិធីនេះដឹកនាំដោយ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ ដោយមានការចូលរួមពី លោក យឿន យូធីន និងលោកស្រី សុភាម៉ោរីណេ ដែលជាមន្ត្រីកសិកម្មឃុំស្នាមព្រះ ព្រមទាំងលោក ហែម សារ៉ុន មេភូមិព្នៅ។ ក្នុងប្រតិបត្តិការនេះ មានប្រជាកសិករក្រីក្រក្នុងមូលដ្ឋានចូលរួមសរុបចំនួន ៣០ នាក់ (ក្នុងនោះស្ត្រីមានចំនួន ១៩ នាក់)។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញបានផ្ទេរចំណេះដឹង និងបច្ចេកទេសដាំដុះបន្លែសំខាន់ៗ ដើម្បីជួយឱ្យកសិករអាចបង្កើនទិន្នផល ព្រមទាំងបានចែកជូនគ្រាប់ពូជបន្លែបន្ថែម សម្រាប់យកទៅដាំដុះក្នុងគ្រួសារ សំដៅលើកកម្ពស់ជីវភាព និងធានាសន្តិសុខស្បៀងក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕ ( សេក ញន )











