
សហគមន៍កសិកម្មអន្លង់ត្នោតរុងរឿង ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងគ្រប់គ្រងផលិកម្មមាន់ស្រែ
ពោធិ៍សាត់៖ លោក ប៊ិន ស៊ិន ណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី និងជាគ្រូបង្គោលផលិតកម្មមាន់ស្រែ បានសហការជាមួយក្រុមការងារកម្មវិធី ASPIRE រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «វិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុន និងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែ» ជូនដល់សមាជិកសហគមន៍កសិកម្មអន្លង់ត្នោតរុងរឿង ស្ថិតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានប្រជាកសិករចូលរួមសរុបចំនួន ២៨ នាក់ (ក្នុងនោះស្ត្រីមានចំនួន ២៣ នាក់) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវបានពង្រឹងចំណេះដឹង និងបច្ចេកទេសសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការចិញ្ចឹមមាន់តាមបែបវៃឆ្លាត, ការជ្រើសរើសទីតាំង និងការរៀបចំទ្រុងឱ្យត្រូវតាមបច្ចេកទេសសម្រាប់កូនមាន់ មាន់ជំទង់ និងមាន់ធំ ព្រមទាំងការជ្រើសរើសមេបាពូជឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ គ្រូបង្គោលក៏បានផ្លាស់ប្តូរបទពិសោធន៍លើវិធីសាស្ត្រផ្សំចំណី ការផ្តល់ទឹក ការអនុវត្តវិធានការការពារ និងព្យាបាលជំងឺសត្វ រហូតដល់បច្ចេកទេសដឹកជញ្ជូន ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការស្វែងយល់ពីទីផ្សារ ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងប្រាក់ចំណូលរឹងមាំសម្រាប់គ្រួសារ៕ (សេក ញន )











