
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ដឹកនាំការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៥ករណី
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋសរុបចំនួន ៥ករណី ដើម្បីជួយសម្រួល និងបញ្ចប់ទំនាស់ដោយសន្តិវិធីនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ ជាលទ្ធផលនៃការសម្រុះសម្រួលប្រកបដោយស្មារតីយោគយល់ និងយុត្តិធម៌ ភាគីវិវាទចំនួន ៣ករណី បានស្ម័គ្រចិត្តឯកភាពទទួលយកនូវដំណោះស្រាយ និងបានបញ្ចប់ទំនាស់ដោយបរិយាកាសស្និទ្ធស្នាល។ ដោយឡែក ភាគីវិវាទចំនួន ២ករណីទៀត អាជ្ញាធរស្រុកកំពុងបន្តរៀបចំនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនភាគីទាំងសងខាងជាបន្តទៀត។ ការចុះសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ បង្កើនភាពស្និទ្ធស្នាល ព្រមទាំងរក្សាសាមគ្គីភាព និងភាពសុខសាន្តនៅក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែរឹងមាំ៕










