
អភិបាលស្រុកក្រគរចុះផ្ទាល់ពិនិត្យទីតាំងដីមានទំនាស់ដើម្បីបើកផ្លូវសាធារណៈជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលទីតាំងដីមានទំនាស់ចំនួន២ កន្លែង នាសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយបើកផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ នៅភូមិថ្គោលធំ និងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានសម្របសម្រួល និងពិភាក្សាជាមួយភាគីពាក់ព័ន្ធដោយផ្អែកលើស្មារតីយោគយល់គ្នា ដើម្បីផលប្រយោជន៍សាធារណៈ និងសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ឈឹម ម៉ារីយ៉ាន










