
ផ្លូវចូលបូជនីយដ្ឋាន ឃ្លាំង មឿង ត្រូវបានដាំដើមផ្កាលម្អ ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកបាកាន បានសហការយ៉ាងសកម្មជាមួយក្រុមការងារសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធខេត្ត ចុះយុទ្ធនាការដាំដើមផ្កាលម្អនៅតាមបណ្តោយផ្លូវលេខ៥៥ ផ្លូវចូលទៅកាន់បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពលើកកម្ពស់សោភ័ណភាពនេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរមូលដ្ឋានឃុំស្នាមព្រះ លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ កម្លាំងប្រជាការពារ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍យ៉ាងច្រើនកុះករ។ ការរួមគ្នាចុះដាំដើមផ្កានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងភាពស្រស់ស្អាតនៅតាមបណ្តោយផ្លូវសាធារណៈ ជាពិសេសដើម្បីប្រែក្លាយច្រកចូលទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនា និងគោរពវិញ្ញាណក្ខន្ធ៕










