
សមត្ថកិច្ចស្រុកក្រគរ ចុះអប់រំណែនាំពលរដ្ឋ ៣កន្លែង ពាក់ព័ន្ធការទទួលទិញអុសចម្រុះគ្មានប្រភពច្បាស់លាស់
ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រគរ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចំនួន ៣ទីតាំង ដែលបានទទួលទិញអុសចម្រុះដោយគ្មានប្រភពស្របច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងប្រតិបត្តិការចុះពិនិត្យនោះ សមត្ថកិច្ចបានរកឃើញទីតាំងទទួលទិញអុសគ្មានច្បាប់អនុញ្ញាតចំនួន ៣កន្លែង រួមមាន៖ ទីតាំងទី១ លោកស្រី ឈឿន លី ស្ថិតនៅភូមិអូរចាប់ ឃុំស្វាយស, ទីតាំងទី២ លោកស្រី ដែន រក្សា ស្ថិតនៅភូមិអូរចាប់ ឃុំស្វាយស និងទីតាំងទី៣ លោកស្រី គុណ ចាន់នី ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នាឱកាសនោះ ក្រុមការងារចម្រុះបានធ្វើការអប់រំណែនាំ និងពន្យល់អំពីទិដ្ឋភាពច្បាប់ស្តីពីព្រៃឈើ ដល់ម្ចាស់ទីតាំងទាំង ៣រូប ដើម្បីឱ្យពួកគាត់បញ្ឈប់រាល់ការទទួលទិញផល-ផលតបព្រៃឈើដែលគ្មានប្រភពច្បាស់លាស់ ឬគ្មានលិខិតអនុញ្ញាត ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរក្នុងការការពារ និងថែរក្សាធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕










