
រដ្ឋបាលស្រុកបាកាន បន្តផែនការកែលម្អបរិស្ថាន ដោយបំផុសចលនាសហគមន៍ឱ្យរួមគ្នាដាំដើមឈើតាមដងផ្លូវ
ពោធិ៍សាត់៖ លោក អ៊ុំ សុខណា អភិបាលរងស្រុកបាកាន តំណាងលោក ឆាយ គឹមម៉ុង អភិបាលស្រុក បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការដាំកូនឈើនៅតាមបណ្តោយសងខាងផ្លូវ ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពដាំដើមឈើដើម្បីបរិស្ថាននេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំខ្នារទទឹង លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ កម្លាំងប្រជាការពារ ក្រុមយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍យ៉ាងច្រើនកុះករ។ ការរួមគ្នាចុះដាំកូនឈើនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតគម្របបៃតង បង្កើនសោភ័ណភាពតាមដងផ្លូវសាធារណៈ និងជួយកាត់បន្ថយកម្ដៅបរិស្ថាន ព្រមទាំងបំផុសស្មារតីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមស្រឡាញ់ និងថែរក្សាដើមឈើឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល៕










