
រដ្ឋបាលស្រុកវាលវែង បន្តលើកកម្ពស់សម្រស់ទេសចរណ៍ភ្នំ១៥០០ ដោយការដាំដើមផ្កា និងដើមឈើលម្អ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារស្រុក រួមមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជន ចុះធ្វើសកម្មភាពដាំដើមផ្កា និងដើមឈើលម្អបន្ថែម ដើម្បីលើកកម្ពស់ និងសោភ័ណភាពតំបន់ទេសចរណ៍ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពដាំដើមឈើ និងផ្កានេះ បានធ្វើឡើងនៅចំណុចសួនផ្កាបុប្ផាលាក់ខ្លួន តំបន់ភ្នំ១៥០០ (ផ្លូវអន្ទង់អាំង) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើមឈើ និងផ្កាដែលបានដាំបន្ថែមនាឱកាសនោះ រួមមាន ផ្កាភួងម៉ាឡៃ (ផ្កាត្រែមាស) ចំនួន ១២០ដើម និងដើមក្ងោកផ្កាលឿង ចំនួន ៧ដើម។ ការដាំបន្ថែមនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនគម្របបៃតង និងបន្ថែមពណ៌សោភ័ណភាពដល់តំបន់ភ្នំ១៥០០ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តពោធិ៍សាត់ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង៕










