
អាជ្ញាធរស្រុកវាលវែងជំរុញការកែលម្អសោភ័ណភាពតំបន់ផ្លូវអន្ទង់អាំង (បុប្ផាលាក់ខ្លួន) ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ស្រុក ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំសួន «ភ្នំ១៥០០» នៅតំបន់ផ្លូវអន្ទង់អាំង (បុប្ផាលាក់ខ្លួន) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងជំរុញការងាររៀបចំសោភ័ណភាព និងលើកកម្ពស់សម្រស់ធម្មជាតិនៃតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ រដ្ឋបាលស្រុកវាលវែងរំពឹងថា ការរៀបចំសួន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរទាំងជិត ឆ្ងាយ ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើនកុះករ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតចំណូល និងលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕










