
ស្រុកវាលវែងសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតសហគមន៍ភូមិទំព័រ ក្រោមជំនួយពីអង្គការទឹកភ្លៀងមកពី៥ប្រទេស
ពោធិ៍សាត់៖ អាជ្ញាធរស្រុកវាលវែងបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទុយោចែកចាយទឹកស្អាតក្នុងសហគមន៍ភូមិទំព័រ ស្ថិតនៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក អាជ្ញាធរភូមិ-ឃុំ តំណាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រុមការងារគម្រោងអង្គការទឹកភ្លៀងកម្ពុជា និងប្រជាពលរដ្ឋជាសមាជិកសហគមន៍ភូមិទំព័រយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះក៏មានវត្តមានជាកិត្តិយសពីសំណាក់តំណាងម្ចាស់ជំនួយនៃអង្គការទឹកភ្លៀងដែលអញ្ជើញមកពី ៥ ប្រទេសផ្សេងៗគ្នាផងដែរ។ ការដាក់ឱ្យដំណើរការប្រព័ន្ធទុយោចែកចាយទឹកស្អាតនាពេលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដី និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព អនាម័យ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ភូមិទំព័រឱ្យកាន់តែប្រសើរឡើងជាលំដាប់៕










