
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារចុះអន្តរាគមន៍ទឹកជូនពលរដ្ឋ និងចូលរួមពិធីបន់ស្រន់សុំទឹកភ្លៀងតាមទំនៀមទម្លាប់ប្រពៃណី
ខេត្តពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក មន្ត្រីជំនាញ និងក្រុមការងារឃុំ ភូមិ ចុះពិនិត្យផ្ទាល់ និងរៀបចំវិធានការអន្តរាគមន៍ទឹកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាតទឹកក្នុងមូលដ្ឋានឃុំផ្ទះរុង។ ការចុះមូលដ្ឋាននេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការចាត់ចែងដឹកជញ្ជូន និងចែកចាយទឹកស្អាតទៅកាន់តំបន់ដែលកំពុងរងផលប៉ះពាល់ ដើម្បីធានាថាពលរដ្ឋគ្រប់រូបមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ។ ក្រៅពីកិច្ចអន្តរាគមន៍ផ្នែករដ្ឋបាលនិងបច្ចេកទេស លោក ចាន់ វិចិត្រ ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញចូលរួមក្នុងពិធីបន់ស្រន់សុំទឹកភ្លៀង ដែលរៀបចំឡើងយ៉ាងគំរូតាមទំនៀមទម្លាប់ និងប្រពៃណីដ៏យូរលង់របស់អ្នកភូមិកណ្តាល ឃុំផ្ទះរុង ផងដែរ។ ពិធីនេះ គឺជាជំនឿ និងជាស្មារតីរួមគ្នាក្នុងការបួងសួងសុំព្រះពិរុណឱ្យជួយផ្តល់ទឹកភ្លៀងធ្លាក់មកបំពេញតាមតម្រូវការកសិកម្ម និងការប្រើប្រាស់ ព្រមទាំងផ្តល់នូវសេចក្តីសុខសប្បាយ ការរស់នៅប្រកបដោយភោគផលបរិបូរណ៍ជូនដល់ប្រជាកសិករក្នុងមូលដ្ឋានទាំងមូល៕










