
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យការដាំកូនឈើក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីពង្រីកសោភ័ណភាពបៃតងទីក្រុង
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យផ្ទាល់នៅទីតាំងពូនដាក់ដាំកូនឈើក្ងោកបន្តតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងតំបន់សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពន្លឿន និងធានាឱ្យការរៀបចំកែលម្អសោភ័ណភាពបៃតងតាមដងផ្លូវសាធារណៈប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការអភិវឌ្ឍន៍បរិស្ថានទីក្រុងស្អាត។ ក្នុងឱកាសនោះ លោកអភិបាលក្រុងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ការដាក់ជី និងការការពារកូនឈើទាំងនោះ ដើម្បីធានាឱ្យកូនឈើក្ងោកលូតលាស់បានល្អ បង្កើតបានជាម្លប់ និងសោភ័ណភាពស្រស់បំព្រងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់៕សាយយ័ន្ត វុន្នីយ៉ា











