មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រគល់ធុងសំរាម និងរណាយន្ត ជូនស្រុកកណ្តៀង ដើម្បីជំរុញ «ភាពស្អាត» និងលើកកម្ពស់សុខភាពសហគមន៍
ពោធិ៍សាត់៖ ដើម្បីបន្តពង្រឹងអនាម័យ បរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រគល់រណាយន្តចំនួន ១គ្រឿងបន្ថែម និងធុងសំរាមចំនួន ១៦ធុងបន្ថែម ជូនដល់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីប្រគល់ និងទទួលសម្ភារទាំងនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់អាជ្ញាធរស្រុកកណ្តៀង ក្នុងការបន្តធ្វើឱ្យបរិស្ថានក្នុងមូលដ្ឋានមានភាពស្អាតបាត មានអនាម័យល្អ និងរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ ការផ្តល់ជូននេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញ និងអនុវត្តយុទ្ធនាការ «ភាពស្អាត» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើការផ្តល់សម្ភារ អាជ្ញាធរពាក់ព័ន្ធក៏បានផ្តោតលើការបង្កើនចំណេះដឹង និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងកាន់តែច្បាស់អំពីការបែងចែក និងការទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសបរិស្ថាន ដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល និងបង្កើតបានជាទម្លាប់រស់នៅស្អាតក្នុងសហគមន៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត