
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះពិនិត្យផ្ទាល់លើកិច្ចការងារសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី ថ្ងៃ ទី១៣ ខែកញ្ញឆ្នាំ២០២៦។ សកម្មភាពការងារចុះបេសកកម្មជាក់ស្តែងរួមមាន ការចុះរៀបចំ និងណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការចងគោក្របីបណ្តែតបណ្តោយនៅតាមចិញ្ចើមផ្លូវជាតិ ដែលបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពបរិស្ថានមូលដ្ឋាន .ការសហការជាមួយក្រុមប្រឹក្សាឃុំអន្សាចំបក់ ចុះពិនិត្យមើលទីតាំងដីសាធារណៈរដ្ឋបាល សម្រាប់ត្រៀមរៀបចំផែនការដាំដើមឈើលម្អ និងកែលម្អបរិស្ថានបៃតងនៅតំបន់ពីរ .ការចុះត្រួតពិនិត្យទីតាំងដីដែលមានបញ្ហាទំនាស់ចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងឃុំអន្សាចំបក់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវរដ្ឋបាល៕ សាយយ័ន្ដ វុន្នីយ៉ា











