
រដ្ឋបាលស្រុកក្រគរ និងក្រុមការងារឃុំអន្លង់ត្នោត ដាំកូនក្ងោក ១០០ដើម តាមបណ្តោយផ្លូវជាតិលេខ ៥៣B ដើម្បីបង្កើតភាពបៃតង
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារឃុំអន្លង់ត្នោត បានរៀបចំយុទ្ធនាការដាំកូនឈើប្រភេទកូនក្ងោកចំនួន ១០០ដើម យ៉ាងផុសផុលតាមបណ្តោយផ្លូវជាតិលេខ ៥៣B នាពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើតម្លប់បៃតង និងទប់ស្កាត់ការហូរច្រោះដីក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះអាជ្ញាធរមូលដ្ឋានបានផ្តាំផ្ញើនិងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបថា យើងចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អមួយក្នុងការថែរក្សាធនធានធម្មជាតិ និងបន្សល់ទុកនូវបរិស្ថានស្អាតសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕សាយយ័ន្ត វុន្នីយ៉ា











