
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យ និងកញ្ចប់វិនិយោគសហគមន៍ធន់នឹងអាកាសធាតុ
(ពោធិ៍សាត់)៖ គម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)» បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះ ផ្អែកលើក្សេត្របរិស្ថាន ដើម្បីរៀបចំផែនការបន្ស៊ាំថ្នាក់មូលដ្ឋាន និងការណែនាំស្តីពីកញ្ចប់វិនិយោគសហគមន៍ ដើម្បីភាពធន់នឹងអាកាសធាតុ» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងជាប្រធានសម្របសម្រួលគម្រោង លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក David Molse ប្រធានក្រុមទីប្រឹក្សាគម្រោង។ សិក្ខាសាលានេះ មានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងសហគមន៍កសិកម្ម/ក្រុមផលិតស្រូវ មកពីស្រុកគោលដៅទាំង៥ រួមមាន៖ ស្រុកបាកាន ភ្នំក្រវាញ តាលោសែនជ័យ ក្រគរ និងស្រុកវាលវែង ដើម្បីរួមគ្នារៀបចំផែនការបន្ស៊ាំ និងទិសដៅវិនិយោគសហគមន៍ឱ្យកាន់តែមានចីរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ៕











