
អបអរសាទរ កម្មវិធីដាំកូនឈើក្រោមប្រធានបទ «យើងចូលរួមយុទ្ធនាការបៃតង» នៅសាលាបឋមសិក្សាទទឹងថ្ងៃ
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចូលរួមក្នុងកម្មវិធីដាំកូនឈើក្រោមប្រធានបទ «យើងចូលរួមយុទ្ធនាការបៃតង» យ៉ាងសកម្ម និងប្រកបដោយបរិយាកាសរីករាយកាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាលាបឋមសិក្សាទទឹងថ្ងៃ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យសិស្សានុសិស្សយល់ដឹងពីសារៈសំខាន់នៃការថែរក្សាធម្មជាតិ ក៏ដូចជាការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការបង្កើនគម្របព្រៃឈើនៅតាមមូលដ្ឋានសាលារៀន។ ក្នុងឱកាសនោះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានរួមគ្នាសហការក្នុងការជីករណ្តៅដាំ និងថែទាំកូនឈើចម្រុះជាច្រើនដើម ក្នុងបរិវេណសាលាបឋមសិក្សាទទឹងថ្ងៃ ដើម្បីបង្កើតម្លប់ត្រជាក់ និងបរិស្ថានស្អាតសម្រាប់ជាប្រយោជន៍ដល់ការសិក្សា។ សកម្មភាពបៃតងនេះ មិនត្រឹមតែជួយតុបតែងសោភ័ណភាពសាលារៀនឱ្យកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះស្រលាញ់ និងការពារបរិស្ថានធម្មជាតិរបស់យើងផងដែរ៕











