
សង្កាត់ស្វាយអាត់ ជួសជុល និងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ ប្រវែងសរុបជិត ៨០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានអោយដឹងថាពេលនេះ ការសាងសង់កំពុងអនុវត្តគម្រោងមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦ ដោយប្រែក្លាយផ្លូវក្រួសក្រហម ឱ្យទៅជាផ្លូវបេតុងអាមេដ៏រឹងមាំ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងលុបបំបាត់បញ្ហាហុយដី និងដក់ទឹកនៅរដូវវស្សា។ ការអភិវឌ្ឍផ្លូវទាំង២ខ្សែនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀន ទីប្រជុំជន និងទីកន្លែងផ្សេងៗ។ សូមបញ្ជាក់ថា៖ ផ្លូវទាំង២ខ្សែ រួមមាន៖ ផ្លូវបេតុងអាមេ ប្រវែង ១២៦ ម៉ែត្រ, ទទឹង ៣,៥០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូលេខ៥ ចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយអាត់ សម្រួលដល់ការប្រកបរបរ និងការមកទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និងផ្លូវបេតុងអាមេ ប្រវែង ៦៣៩ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ (ចាស់) ឆ្ពោះទៅកាន់ផ្លូវកៅស៊ូលេខ៥៥។ គម្រោងស្ថាបនាផ្លូវបេតុងទាំង ២ខ្សែនេះ អនុវត្តកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន លឹម ឈាងឡុង ក្រោមថវិកាសរុបជាង ៣១០ លានរៀល ដែលបានឆ្លងកាត់ការដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ៕










