
មន្ត្រីជំនាញ និងតំណាងធនាគារ រួមគ្នាបណ្តុះបណ្តាលការរៀបចំសំណើអាជីវកម្មដល់សហគមន៍កសិកម្ម ដើម្បីទទួលបានឥណទាន
បាត់ដំបង៖ វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំសំណើសុំអាជីវកម្មសម្រាប់កសិធុរកិច្ច សហគមន៍កសិកម្ម និងកសិករផលិត ត្រូវបានរៀបចំឡើងនៅសណ្ឋាគារក្លាហ្សី ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ និងជាប្រធានផ្នែកសហប្រតិបត្តិការនៃគម្រោង ACSEP-PIU1 កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ រៀបចំ និងគាំទ្រដោយគម្រោង ACSEP-PIU1 ដោយមានគោលបំណងសំខាន់ៗដូចជា៖ គាំទ្រការរៀបចំសំណើអាជីវកម្មឱ្យមានលក្ខណៈច្បាស់លាស់ និងមានប្រសិទ្ធភាព, បង្កើនសមត្ថភាពក្នុងការកំណត់ឱកាសអាជីវកម្ម និងការវិភាគទីផ្សារ និងការលើកកម្ពស់ការរៀបចំផែនការវិនិយោគ ដើម្បីងាយស្រួលក្នុងការទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ពិធីនេះមានការចូលរួមពី ក្រុមការងារគម្រោង ACSEP-PIU1, តំណាងធនាគារ ARDB, តំណាងធនាគារស្ថាបនា, អាជីវករផ្គត់ផ្គង់ធាតុចូលកសិកម្ម, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងតំណាងសហគមន៍កសិកម្មមកពីខេត្តគោលដៅចំនួន៥ (កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន) ដែលមានសមាសភាពចូលរួមសរុបចំនួន ៧២នាក់ ស្រី ២៤នាក់៕











