
ផ្លូវជនបទចំនួន ៧ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ ត្រូវបានទទួលស្គាល់គុណភាពថែទាំ ១០០% ក្នុងវគ្គទី១
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) រួមជាមួយក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៨៤,០០០ម៉ែត្រ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងថែទាំផ្លូវទាំង ៧ខ្សែនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ (គម្រោងលេខ DRR-RM-2026-No.021) ដោយប្រើប្រាស់ថវិកាជំពូក៦១ រួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ សរុបប្រវែង ៣៦,២០០ម៉ែត្រ ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន, ផ្លូវក្រាលល្បាយក្រួស ចំនួន ៣ខ្សែ សរុបប្រវែង ៤៧,៨០០ម៉ែត្រ ស្ថិតក្នុងក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកក្រគរ។ ក្រោយការពិនិត្យ និងវាយតម្លៃផ្ទាល់លើលក្ខណៈបច្ចេកទេស គណៈកម្មការអន្តរក្រសួងបានសម្តែងការពេញចិត្ត និងសម្រេចឯកភាពទទួលយកការងារថែទាំប្រចាំ ១០០% សម្រាប់ដំណាក់កាលទី១ ជាស្ថាពរ ដើម្បីធានាគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕











