
ផ្លូវបេតុងថ្មីមួយខ្សែទៀតពីចំណុចអូរស្ដៅ ទៅវត្តវាល កំពុងដំណើរការស្ថាបនាយ៉ាងសកម្ម
[ពោធិ៍សាត់]៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានចាក់ផ្លូវបេតុងអាមេខ្សែទី៤ ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ គម្រោងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែនេះ មានសារៈសំខាន់ខ្លាំងក្នុងការតភ្ជាប់ទំនាក់ទំនង និងសេដ្ឋកិច្ចមូលដ្ឋាន៖ តភ្ជាប់ចាប់ពីចំណុចអូរស្ដៅ (សង្កាត់ស្វាយអាត់) រហូតដល់ចំណុចវត្តវាល (ស្ថិតក្នុងសង្កាត់លលកស)។ ក្នុងឱកាសចុះពិនិត្យនោះ លោកចៅសង្កាត់បានយកចិត្តទុកដាក់ខ្ពស់ទៅលើការតាមដានបច្ចេកទេស និងស្តង់ដារសំណង់របស់ក្រុមការងារ ដើម្បីធានាឱ្យបាននូវផ្លូវថ្នល់ដែលមានគុណភាព រឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឱ្យកាន់តែប្រសើរឡើង៕











