
អាជ្ញាធរចម្រុះ និងអង្គការ WCS ចុះផ្សព្វផ្សាយការបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ ជូនដល់អាជីវករផ្សារត្រាំសេះ
[ពោធិ៍សាត់]៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានរួមគ្នាបង្កើតយុទ្ធនាការចុះផ្សព្វផ្សាយអប់រំច្បាប់ការពារសត្វព្រៃ។ សកម្មភាពនេះមានការអញ្ជើញចូលរួមពី៖ រដ្ឋបាលស្រុកបាកាន អធិការដ្ឋាននគរបាលស្រុកបាកាន រដ្ឋបាលឃុំបឹងបត់កណ្ដោល និងសហគមន៍នេសាទឫស្សីតាម៉ាន់ ដោយបានចុះផ្ទាល់ទៅកាន់បរិវេណផ្សារត្រាំសេះ ស្ថិតក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹង និងអំពាវនាវដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមបញ្ឈប់ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃខុសច្បាប់គ្រប់ទម្រង់ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះដ៏មានតម្លៃឱ្យបានគង់វង្ស៕











