
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយក្រសួង ចុះពិនិត្យកសិដ្ឋានចិញ្ចឹមស្វា និងត្រួតពិនិត្យឧបករណ៍តាមដានគុណភាពខ្យល់
(ពោធិ៍សាត់)៖ «ការយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋខេត្តខ្ញុំ គឺសំខាន់បំផុតសម្រាប់ការចូលរួមអភិវឌ្ឍន៍កម្ពុជា» នេះជាការលើកឡើងរបស់លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងឱកាសដឹកនាំមន្ត្រីការិយាល័យគាំពារបរិស្ថាន ចុះបំពេញការងារសកម្មនាមូលដ្ឋាន នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងសកម្មភាពនោះ លោកប្រធានមន្ទីរបានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) ខបភើរេសិន អិលធីឌី ព្រមទាំងបានចុះពិនិត្យផ្ទាល់លើទីតាំងកសិដ្ឋានចិញ្ចឹមសត្វស្វា ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ទន្ទឹមនឹងនោះ មន្ត្រីបច្ចេកទេសនៃមន្ទីរបរិស្ថានខេត្ត ក៏បានបន្តសហការជាមួយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សម្លេង និងរំញ័រ នៃក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក យុំា ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដើម្បីចុះត្រួតពិនិត្យឧបករណ៍តាមដានគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែន ក្នុងគោលបំណងតាមដាន និងវាយតម្លៃលម្អិតអំពីស្ថានភាពគុណភាពខ្យល់ ក្នុងខេត្តពោធិ៍សាត់ សំដៅធានាឱ្យបាននូវបរិស្ថានរស់នៅដ៏ល្អ និងសុខុមាលភាពជូនប្រជាពលរដ្ឋ៕











