
កម្ពុជាបន្តប្រើប្រាស់ «កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប» ដើម្បីលុបបំបាត់បទល្មើសនេសាទខុសច្បាប់
កិច្ចប្រជុំស្តីពីការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម អគ្គនាយកដ្ឋានជលផល មេបញ្ជាការកងទ័ពជើងគោក អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជុំវិញបឹងទន្លេសាប នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីការពិភាក្សា និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារកន្លងមក ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់មតិបូកសរុប និងដាក់ចេញនូវទិសដៅគន្លឹះចំនួន ៣ចំណុច រួមមាន៖ ជំរុញការអភិរក្ស ដោយសារក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ផលត្រីទឹកសាបមានការកើនឡើងជាបន្តបន្ទាប់ ដែលបានជួយលើកកម្ពស់ជីវភាពប្រជានេសាទយ៉ាងខ្លាំង, បន្តប្រើប្រាស់ «កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប» លើការងារអប់រំផ្សព្វផ្សាយច្បាប់ជលផលថ្មី និងការអនុវត្តច្បាប់បង្ក្រាបបទល្មើសនេសាទ ព្រមទាំងការទប់ស្កាត់ការកាប់រានព្រៃលិចទឹក និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្តេជ្ញាចិត្តអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕










