
រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
ពោធិ៍សាត់៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង។ ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាន ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទនានាឱ្យបានកាន់តែឆាប់រហ័ស ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពក្រៅប្រព័ន្ធតុលាការ៕










