
អភិបាលខេត្ត សំណេះសំណាលជាមួយអាជីវករ និងប្រជាពលរដ្ឋនៅផ្សារប្រម៉ោយ
ពោធិ៍សាត់៖ មុនពេលកម្មវិធីផ្លូវការចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសដ៏មមាញឹក ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ សកម្មភាពចុះជួបផ្ទាល់ដល់មូលដ្ឋាននេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការក្តាប់ជាប់នូវសុខទុក្ខ តម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជំរុញការអភិវឌ្ឍក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕










