
អាជ្ញាធរមូលដ្ឋានចុះរៀបចំសោភណ្ឌភាពនៅ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ហៅស្ពានខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ពោធិ៍សាត់៖ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលត្រូវបានគេស្គាល់ទូទៅថា ស្ពានខ្ពស់ គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយ មានទីតាំងស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទីកន្លែងនេះកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង ក្នុងការលើកកម្ពស់សោភណ្ឌភាព និងអនាម័យ ដើម្បីផ្តល់ភាពស្រស់បំព្រង និងផាសុខភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនា។ ក្រុមការងារមូលដ្ឋានដឹកនាំដោយលោក ឆេន កែន មេឃុំអូរសោម រួមជាមួយក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងកម្លាំងប្រជាការពារភូមិ បានចុះផ្ទាល់ដើម្បីរៀបចំសោភណ្ឌភាពនៅតំបន់ស្ពានខ្ពស់ នាថ្ងៃទី១៣ ១៤ ខែតុលា ឆ្នាំ២០២៦។ សកម្មភាពនេះមិនត្រឹមតែជួយកែលម្អបរិស្ថាន និងសោភណ្ឌភាពបៃតងនៅតាមដងផ្លូវ និងកន្លែងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសហការ និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិមកលេងកម្សាន្តក្នុងតំបន់អូរសោមដ៏ស្រស់ត្រកាលនេះផងដែរ៕ សាយយ័ន្ដ វុន្នីយ៉ា










