
សម្រស់ស្ពានឆ្លងស្ទឹង និង «កោះសំពៅមាស»៖ និមិត្តរូបនៃភាពរីកចម្រើន និងការអភិវឌ្ឍនារាត្រីក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ រូបភាពទិដ្ឋភាពពីលើអាកាស នាពេលរាត្រីបានរំលេចនូវសម្រស់ដ៏ទាក់ទាញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមរយៈពន្លឺភ្លើងអគ្គិសនីពណ៌ចម្រុះយ៉ាងប្រណិត លើបណ្តោយស្ទឹងពោធិ៍សាត់ និងតំបន់រមណីយដ្ឋានជុំវិញ។ ស្ពានឆ្លងស្ទឹងពោធិ៍សាត់ដ៏វែងអនឡាយ ជាមួយនឹងការបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈយ៉ាងភ្លឺស្វាងនៅតាមបណ្តោយស្ពាន និងខ្សែផ្លូវថ្នល់។ ទិដ្ឋភាពនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃការរៀបចំទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន សម្រួលដល់ការធ្វើដំណើរកម្សាន្ត និងចរាចរណ៍របស់ប្រជាពលរដ្ឋនាពេលរាត្រីប្រកបដោយសុវត្ថិភាព។ សម្រស់ «កោះសំពៅមាស» ដែលជាតំបន់រមណីយដ្ឋានវប្បធម៌ និងកម្សាន្តដ៏ល្បីល្បាញប្រចាំខេត្តពោធិ៍សាត់។ ទីតាំងនេះមានទម្រង់រូបរាងដូចជាសំពៅធំមួយស្ថិតនៅចំកណ្តាលស្ទឹងពោធិ៍សាត់ ដែលត្រូវបានរៀបចំដេញអំពូលភ្លើងពណ៌ចម្រុះយ៉ាងមានរបៀបរៀបរយ អមដោយស្ពានតភ្ជាប់ទៅកាន់កោះ និងភ្លើងលម្អជុំវិញមាត់ស្ទឹង បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្អាតប្លែក និងជាទីតាំងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តយ៉ាងកុះករ៕










