
ព្រះពុទ្ធបដិមាអភយមុទ្រ កម្ពស់ ៤៩.៩ម៉ែត្រ និងទិដ្ឋភាពពេលរាត្រីដ៏អស្ចារ្យនៅវត្តកែវវិជ័យ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វត្តកែវវិជ័យ ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញអារម្មណ៍ និងការជ្រះថ្លាយ៉ាងខ្លាំងពីសំណាក់ពុទ្ធសាសនិក និងភ្ញៀវទេសចរជិតឆ្ងាយ តាមរយៈការកសាង «ព្រះពុទ្ធបដិមាអភយមុទ្រ» ដ៏ខ្ពស់ស្កឹមស្កៃជិត ៤៩.៩ម៉ែត្រ ព្រមទាំងទិដ្ឋភាពភ្លើងពណ៌ដ៏ស្រស់ត្រកាលនារាត្រី។ ព្រះពុទ្ធបដិមាអភយមុទ្រ ដែលមានកម្ពស់រហូតដល់ ៤៩.៩ម៉ែត្រនេះ ត្រូវបានកសាងឡើងយ៉ាងប្រណិត និងស្កឹមស្កៃលើទឹកដីស្រុកកណ្តៀង ដោយស្តែងចេញពីសិល្បៈស្ថាបត្យកម្មពុទ្ធសាសនាដ៏រស់រវើក និងបង្ហាញពីនិមិត្តរូបនៃសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងចិត្ត។ វត្តមាននៃព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ បានប្រែភូមិសាស្ត្រវត្តកែវវិជ័យ ឱ្យក្លាយជាទីសក្ការបូជា និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់មួយប្រចាំខេត្តពោធិ៍សាត់។ នៅពេលព្រះអាទិត្យរៀបអស្ដង្គត ទិដ្ឋភាពពេលរាត្រីនៅក្នុងទីអារាមនេះត្រូវបានដេញភ្លើងពណ៌យ៉ាងប្រណិត បំភ្លឺជុំវិញព្រះបដិមា និងសំណង់សាសនានានា។ ពន្លឺភ្លើងពណ៌នាពេលរាត្រីមិនត្រឹមតែបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ ស្រស់ស្អាតប្លែកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ កក់ក្តៅ និងជ្រះថ្លា សម្រាប់ពុទ្ធបរិស័ទដែលមកធ្វើការអុជធូបបួងសួង និងទស្សនាកម្សាន្តផងដែរ៕











